ភ្នំពេញ ៖ អង្គការអុកស្វាម (Oxfam) នៅថ្ងៃនេះ បានប្រកាសបើកយុទ្ធនាការកិច្ចគាំពារមាតុភាពក្នុងទិវាពលកម្មអន្តរជាតិ ដើម្បីបង្កើនការយកចិត្តទុកដាក់ទៅដល់កម្មការិនីនៅតាមវិស័យនានា ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជារឿយៗពុំទាន់ត្រូវបានគេគិតគូរពេញលេញនៅឡើយ ទាំងនៅប្រទេសកម្ពុជា និងតំបន់អាស៊ាន។
នៅក្នុងសេចក្តីប្រកាសព័ត៌មាន នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ក្នុងឱកាសទិវាពលកម្មអន្តរជាតិលើកទី១៣៥នាឆ្នាំនេះ អង្គការអុកស្វាម បានលើកឡើងថា ឆ្នាំនេះអង្គការ និងដៃគូនៅកម្ពុជា ឡាវ និងវៀតណាម បានរួមគ្នារៀបចំយុទ្ធនាការកិច្ចគាំពារមាតុភាពមួយ ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ និងដោះស្រាយលើរាល់បញ្ហាប្រឈមរបស់កម្មការិនីនៅក្នុងវិស័យខាងលើ ដើម្បីទទួលបានកិច្ចគាំពារមាតុភាពពេញលេញ និងសមស្រប និងខណៈដែលនៅក្នុងប្រទេសកម្ពុជាស្ត្រីប្រមាណជាង ៩០ភាគរយ ក្នុងវិស័យការងារមិនទាន់បានទទួលកិច្ចគាំពារមាតុភាពនៅឡើយទេ ដោយសារស្ថានភាពការងារក្រៅប្រព័ន្ធរបស់ពួកគេ ដែលយុទ្ធនាការនេះមានរយៈពេល ២ខែ ធ្វើឡើងតាមប្រព័ន្ធ អនឡាញ។
លោកស្រី លឹម សូលីន នាយិកាអង្គការ អុកស្វាម មានប្រសាសន៍ថា កិច្ចគាំពារមាតុភាព គឺជាសិទ្ធិមូលដ្ឋាន និងសិទ្ធិនៅក្នុងរដ្ឋធម្មនុញ្ញ ហើយកិច្ចគាំពារនេះ គឺជាការចាំបាច់ណាស់ក្នុងការសម្រេចបាននូវសមភាពយេនឌ័រ សុខុមាលភាព និងសុខភាពរបស់ម្តាយនិងកូន ក៏ដូចជាក្នុងការទទួលបានឱកាស និងភាពស្មើគ្នាក្នុងវិស័យការងាររវាងស្រ្តី និងបុរស ក៏ដូចជាពលរដ្ឋក្នុងក្រុមផ្សេងៗផងដែរ។
នៅក្នុងសេចក្តីប្រកាសខាងលើនេះ ឯកឧត្តម ថេ ឈុនហាក់ អគ្គនាយកសមភាពយេនឌ័រ និងអភិវឌ្ឍសេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានបញ្ជាក់ថា កិច្ចគាំពារមាតុភាព គឺជាតម្លៃរបស់មនុស្សទូទៅ និងជាមូលដ្ឋាន នៃសមភាពយេនឌ័រ និងសេដ្ឋកិច្ចដែលគិតគូរលើការគាំពារនិងថែទាំ។ នៅកម្ពុជា ការចូលរួមនៃកម្លាំងពលកម្មស្ត្រីកំពុងតែមានការកើនឡើងជាលំដាប់ ហើយតម្រូវការកិច្ចគាំពារមាតុភាពកាន់តែមានសារៈសំខាន់ និងត្រូវយកចិត្តទុកដាក់សម្រាប់គ្រប់ៗគ្នា។ ឯកឧត្តម លើកឡើងបន្តថា ក្រសួងកិច្ចការនារី តាមរយៈផែនការយុទ្ធសាស្ត្រ នារីរតនទី៥ ឆ្នាំ២០១៩-២០២៣ បានប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវពីគ្រប់មជ្ឈដ្ឋានលើរបៀបវារៈនេះ។
របាយការណ៍របស់ធនាគារពិភពលោក ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីដែលស្ថិតនៅក្នុងវ័យសកម្មក្នុងការពរពោះនៅចន្លោះពីអាយុ ២៥ដល់៣៤ឆ្នាំ ហាក់មានចំនួនច្រើនលើសលប់នៅក្នុងចំណោមអ្នកមានជីវភាពខ្វះខាត។ សម្រាប់កម្ពុជា ស្ត្រីចំណាយពេលជាមធ្យម ៣.៥ម៉ោង ច្រើនជាងបុរសទៅលើការមើលថែកូនដោយមិនទទួលបានប្រាក់ចំណូល និងការងារផ្ទះ សូម្បីតែអំឡុងមានផ្ទៃពោះ និងមាតុភាពក៏ដោយ ហើយជាពិសេសក្នុងអំឡុងពេលនៃជំងឺរាតត្បាតកូវីដ១៩តែម្តង៕
អត្ថបទ ៖ បូរ៉ាវី