ខេត្តកោះកុង ៖ មន្ត្រីជំនាញនិងសមត្ថកិច្ចនៅស្រុកស្រែអំបិល ខេត្តកោះកុង
បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលដើរដកផ្សិតមកធ្វើម្ហូបអាហារ ឬយកទៅលក់ដូរ
សូមកុំដកផ្សិតមួយប្រភេទនេះមកធ្វើជាម្ហូបអាហារ និងលក់ដូរបន្តជាដាច់ខាត
ព្រោះផ្សិតមួយប្រភេទនេះគេហៅថា ផ្សិតចំពុះសេក ឬផ្សិតពងក្ងោក
ហើយផ្សិតមួយប្រភេទនេះមានជាតិពុល ដែលធ្វើឱ្យអ្នកបរិភោគអាចស្លា.ប់បាន។
ទន្ទឹមនឹងនោះដែរ
រដ្ឋបាលខេត្តកោះកុងក៏បានជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋឱ្យបានជ្រាបថា
កន្លងមក មានភ្លៀងធ្លាក់នៅទូទាំងខេត្ត ហើយតំបន់ខ្លះក៏មានភ្លៀងធ្លាក់ជោកជាំ
ដែលធ្វើឱ្យរុក្ខជាតិនានាដុះលូតលាស់តាមបែបធម្មជាតិ។ ស្របពេលគ្នានេះដែរ
ក៏មានផ្សិតជាច្រើនប្រភេទ រួមទាំងផ្សិត ដែលមនុស្សអាចបរិភោគបាន
និងផ្សិតពុលផងដែរបានដុះ ព្រោងព្រាតជាច្រើននៅតាមតំបន់ព្រៃ តំបន់ចម្ការ ។ល។
ដែលជាហេតុធ្វើឱ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនបានដើររកផ្សិតសម្រាប់លក់
និងបរិភោគដូចរាល់ដង។ ក៏ប៉ុន្តែក៏មានបងប្អូនប្រជាពលរដ្ឋ
ដែលមិនបានស្គាល់ច្បាស់លាស់អំពីប្រភេទផ្សិតហូបបាន និងផ្សិតពុល។
តាមប្រភពខាងលើបានបន្តថា
ក្នុងរយះពេលថ្មីៗនេះ នៅក្នុងភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តកោះកុង
ក៏មានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានដើររកដកផ្សិតយកមកបរិភោគ ហើយក៏បានពុល
រហូតសន្លប់ និងស្លា.ប់បាត់បង់ជីវិតថែមទៀតផង។ ដើម្បីចៀសវាង បង្ការការពុលផ្សិត
និងថែរក្សាសុខភាព អាយុជីវិតបន្តទៀត សូមបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន
ដែលតែងតែប្រកបមុខរបររកផ្សិត និងអ្នករកផ្សិតហូប ក្នុងក្រុមគ្រួសារ មេត្តាពិនិត្យឱ្យបានច្បាស់លាស់អំពីប្រភេទផ្សិត
ដែលបរិភោគបាន ឬបរិភោគមិនបាន ចៀសវាងមានការភ័ន្តច្រឡំដូចករណីថ្មីៗនេះ ។
រដ្ឋបាលខេត្ត
សង្ឃឹម និងជឿជាក់ថា ចាប់ពីពេលនេះតទៅ បងប្អូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង
និងជាពិសេសអ្នកប្រកបរបរដកផ្សិតលក់ នឹងយល់កាន់ច្បាស់អំពីករណីនេះជាក់ជាមិនខាន
ក្នុងការការពារសុខភាព និងអាយុជីវិតរបស់ខ្លួន និងអ្នកដទៃ៕
0 comments:
Post a Comment